គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ពានរង្វាន់គីណាល់ ២០២៣ : ក្រុមនិស្សិតមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលឈរលើជណ្តើរវេទិកាខ្ពស់ជាងគេ

កាលបរិច្ឆេទ: ១០ មករា ២០២៤ / សុខភាព / Author : Veng Thavong

កាលពីថ្ងៃទី១៦​ ខែធ្នូ កម្មវិធីប្រគល់ពានរង្វាន់ជ័យលាភីគីណាល់ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិតពាស់ មូស្លីម អនុលេខាធិការក្រសួងសុខាភិបាល និងលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ដែលជាស្ថាបនិក និងអគ្គនាយកសហគ្រាសផលិត​ឱសថ ប៉េប៉េអឹម និងជាស្ថាបនិកមូលនិធិគីណាល់ ដែលជាអ្នករៀបចំពានរង្វាន់ ព្រមទាំងលោកជំទាវសាស្រ្តាចារ្យ ទេព រង្សី អតីតព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្ត។ រីឯប្រធានបទសម្រាប់ឆ្នាំនោះគឺ «ទំនាក់ទំនងរវាងស្រេ្តស និងការឈឺចាប់»។

គឺក្រុមនិស្សិតមកពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដែលជាអ្នកទទួលបានជ័យលាភីលេខមួយពីសំណាក់គណៈមេប្រយោគ ដែលដឹកនាំដោយលោកសាស្រ្តាចារ្យឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ។ ចំណែកឯក្រុមនិស្សិតមកពីសាកលវិទ្យាល័យពុទ្ធិសាស្រ្តទទួលបានជ័យលាភីលេខពីរ។ រីឯជ័យលាភីលេខបីបានទៅលើក្រុមនិស្សិតពីរក្រុម មួយមកពីវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលខ.ភ.ម និងមួយក្រុមទៀតប្រមូលផ្តុំដោយសាកលវិទ្យាល័យពុទ្ធិសាស្រ្ត និង​និស្សិតមកពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដោយហេតុថា គណៈមេប្រយោគមិនអាចសម្រេចជ្រើសយកតែមួយបាន។

ក្នុងចំណោមបេក្ខជនចំនួន១៥ ក្រុម គណៈមេប្រយោគពានរង្វាន់គីណាល់ឆ្នាំ ២០២៣បានជ្រើសរើស១០ក្រុមសម្រាប់ឈានទៅវគ្គផ្តាច់ព្រ័ត្រ។ និស្សិតទាំង១០ក្រុមនោះមកពីមហាវិទ្យាល័យឱសថសាស្រ្ត ទន្តសាស្រ្ត និងវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យចំនួន៤គឺ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម សាកលវិទ្យាល័យពុទ្ធិសាស្រ្ត និងសាកលវិទ្យាល័យអន្តរជាតិ។

ក្នុងសុន្ទរកថាសម្តែងការស្វាគមន៍ លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង បានមានប្រសាសន៍រម្លឹកថា​ «គោលបំណងសំខាន់នៃពានរង្វាន់នេះគឺជំរុញលើកទឹកចិត្តយុវជនឲ្យមានគំនិតស្រាវជ្រាវ និងស្វែងរកមធ្យោបាយដើម្បីឈានទៅមុខ។ បើគ្មានការស្រាវជ្រាវ និងការអភិវឌ្ឍន៍ទេ នោះប្រទេសយើងក៏មិនអាចរីកចម្រើនទៅមុខបានដែរ»។

លោក សាកេត សុភសីលា អគ្គលេខាធិការរងនៃមូលនិធិគីណាល់មានប្រសាសន៍សម្តែងក្តីសោមនស្សរីករាយយ៉ាងដូច្នេះ៖ «ថ្ងៃនេះយើងអបអរសាទរចំពោះគំនិតដ៏ឆ្លាតវៃ និងសេចក្តីក្លាហានរបស់ពួកគេក្នុងការពុះពារស្វែងរកដំណោះស្រាយចំពោះចំណោទដ៏សែនលំបាកទាក់ទងនឹងសុខភាព។ ថ្ងៃនេះយើងបានជួបជុំគ្នា បន្ទាប់ពីសម័យកាលដ៏លំបាកជាមួយនឹងវិបត្តិជំងឺកូវីដបានកន្លងផុតទៅ។ បើទោះបីជានៅក្នុងស្រមោលខ្មៅក៏នៅមានក្តីសង្ឃឹមដែរ។ ពានរង្វាន់គីណាល់ជាពន្លឺភ្លឺចិញ្ចែងចិញ្ចាច បង្ហាញពីថាមពលរបស់នៃយុវជនក្នុងការកសាងប្រទេសកម្ពុជាប្រកបដោយសុខភាពល្អ»។ «យើងមិនមែនស្វែងរកតែអ្នកឈ្នះប៉ុណ្ណោះទេ ប៉ុន្តែយើងស្វែងរកអ្នកដែលអាចនឹងក្លាយទៅជាវីរបុរសទៅថ្ងៃអនាគតផងដែរ។ យើងមិនរកអ្នកក្លាហានដែលមានដាវលំពែងទេ តែយើងស្វែងរកអ្នកក្លាហាន​ដែលមានស្តេតូស្កុប(ប្រដាប់វាស់បេះដូង) និងមានមីក្រូទស្សន៍ អ្នកដែលមិនប្រយុទ្ធដោយប្រើអាវុធ តែប្រើចំណេះដឹង និងអ្នកដែលស្រេកឃ្លានចំណេះដឹង » ។

បង្កើតឡើងនៅឆ្នាំ២០១៣ ពានរង្វាន់គីណាល់មានបំណងជំរុញលើកទឹកចិត្តនិស្សិតពេទ្យឲ្យបង្កើតគម្រោងស្រាវជ្រាវដែលឆ្លើយតបនឹងស្តង់ដារវិទ្យាសាស្រ្តអន្តរជាតិ ដើម្បីឲ្យពួកគេទទួលបានចំណេះដឹងខ្ពស់បន្ថែមទៀតក្នុងជំនាញរបស់ពួកគេ និងដើម្បីជួយពួកគេរកការងារដែលសមស្របនឹងសមត្ថភាពរបស់ខ្លួននៅពេលពួកគេចាប់ផ្តើមអាជីពរបស់ពួកគេ និងដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យស្រាវជ្រាវបែបវិទ្យាសាស្រ្តនៅកម្ពុជាផងដែរ។

ពានរង្វាន់នេះលើកទឹកចិត្តយុវនិស្សិតរបស់យើងឲ្យដើរតាមគន្លងរបស់លោកឱសថ​បណ្ឌិត កុក សុខគីម កាលពី ៦៤ ឆ្នាំមុន ដែលបានរកឃើញរូបមន្តថ្នាំបំបាត់ការឈឺចាប់គីណាល់ ដែលជាឱសថទំនើបលើកដំបូងបង្អស់ផលិតនៅកម្ពុជា និងត្រូវបានដាក់លក់នៅលើទីផ្សារបន្តិចក្រោយពីប្រទេសជាតិទទួលបានឯករាជ្យ៕